គណៈគ្រប់គ្រង – ហ្វូណន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

លោកឃូ ប៊ុនទ្រី

ប្រធាននាយកប្រតិបត្តិ

លោក ឃូ ប៊ុនទ្រី មានបទពិសោធន៍ជាង២៣ឆ្នាំ នៅក្នុងវិស័យហិរញ្ញវត្ថុដែលក្នុងនោះលោកមានបទពិសោធន៍ជ្រាលជ្រៅផ្នែកហិរញ្ញវត្ថុ និងឆ្លងកាត់តួនាទីជាគណៈគ្រប់គ្រងជាន់ខ្ពស់ក្នុងវិស័យធនាគារ មីក្រូហិរញ្ញវត្ថុ និងអង្គការក្រៅរដ្ឋាភិបាលផ្សេងៗ។ បច្ចុប្បន្ននេះលោកត្រូវបានជ្រើសតាំងជាសមាជិកនៃក្រុមប្រឹក្សាភិបាលរបស់សមាគមន៍មីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)។

មុនចូលបម្រើការងារជាមួយហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី លោកបានឆ្លងកាត់តួនាទីជាច្រើនរួមមានជាប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុនៃធនាគារប្រៃសណីយ៍កម្ពុជា ក.អ រយៈពេល៤ឆ្នាំ ជានាយកហិរញ្ញវត្ថុនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ រយៈពេល៥ឆ្នាំ លោកធ្លាប់បម្រើការងារនៅអង្គការ Room to Read Cambodia ជានាយកហិរញ្ញវត្ថុរយៈពេល២ឆ្នាំ ធ្លាប់ជានាយកហិរញ្ញវត្ថុនៅ Marie Stopes Cambodia រយៈពេល៤ឆ្នាំ និងធ្លាប់ជាគណនេយ្យករនៅធនាគារកាណាឌីយ៉ា២ឆ្នាំហើយនៅ Mede cine Sans Frontier រយៈពេល១ឆ្នាំ។ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតហិរញ្ញវត្ថុនៅសាកលវិទ្យាល័យ Charles Sturt នៅប្រទេសអូស្ត្រាលី និងថ្នាក់បរិញ្ញាប័ត្រគណនេយ្យនៅសកលវិទ្យាល័យជាតិគ្រប់គ្រង (អតីតមហា វិទ្យាល័យ ពាណិជ្ជកម្ម)។

លោកហាន ប៊ុនហុន

ប្រធាននាយកប្រតិបត្តិអាជីវកម្ម

លោក ហាន ប៊ុនហុន បាននឹងកំពុងបម្រើការងារក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុចាប់តាំងពីឆ្នាំ២០០៥មកពោលគឺលោកទទួលបានបទពិសោធន៍ជាង១៨ឆ្នាំក្នុងវិស័យនេះ។ លោកបានចូលរួមជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វូណន ក្នុងតួនាទីជាប្រធានយកប្រតិបត្តិអាជីវកម្មចាប់តាំងពីខែមិថុនា ឆ្នាំ២០១៧មក។ មុនចាប់ផ្តើមបម្រើការងារជាមួយហ្វូណនពោលចាប់ពីឆ្នាំ២០១៣មក លោកមានបទពិសោធន៍ជាង៤ឆ្នាំជាមួយធនាគារប្រៃសណីយ៍កម្ពុជា ក.អ ក្នុងតួនាទីជាច្រើនរួមមានជានាយកសាខានៃការិយាល័យកណ្ដាលហើយបន្ទាប់មកត្រូវបានតម្លើងតួនាទីជានាយកគ្រប់គ្រងការលក់នៃធនាគារដែលទទួលខុសត្រូវទាំងផ្នែកប្រាក់កម្ចី និងការប្រមូលប្រាក់បញ្ញើរសន្សំ។

លោកចាប់ផ្តើមបម្រើការងារក្នុងវិស័យហិរញ្ញវត្ថុ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វីសិន ហ្វាន់កម្ពុជា(បច្ចុប្បន្ន Woori Bank) ដែលដំបូងឡើយជាមន្ត្រីឥណទាន បន្ទាប់មកត្រូវបានតម្លើងតួនាទីជាបន្តបន្ទាប់ជានាយកសាខាស្រុក នាយកសាខាខេត្ត (តួនាទីនេះបច្ចុប្បន្នត្រូវបានស្គាល់ជានាយកតំបន់) ក្នុងឆ្នាំ២០០៨ និងជានាយកសាខាខេត្តជាន់ខ្ពស់ (នាយកតំបន់ជាន់ខ្ពស់) ក្នុងឆ្នាំ២០១០ដែលក្នុងតួនាទីនេះលោកគ្រប់គ្រងសាខាស្រុកជាច្រើន ។

លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម និងទទួលបានបរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលលើភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងនានាខាងក្នុងប្រទេស និងខាងក្រៅប្រទេស។ ក្នុងឆ្នាំ២០២១ លោកទទួលបានការបញ្ជាក់ជាអ្នកជំនាញមីក្រូហិរញ្ញវត្ថុ (Certified Expert in Microfinance-CEMF) ពីសាលា (Frankfurt School of Finance & Management)។

លោក ម៉ឹង សារ៉ុង

នាយកប្រតិបត្តិហិរញ្ញវត្ថុ

លោក ម៉ឹង សារ៉ុង ចូលបម្រើការងារជាមួយហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ក្នុងមុខតំណែងជានាយកប្រតិបត្តិហិរញ្ញវត្ថុនៅខែកក្កដា ឆ្នាំ២០១៨។ មុនចូលបម្រើការងារជាមួយហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី លោកបានបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលីហួរ ក្នុងតួនាទីជានាយករងនាយកដ្ឋានហិរញ្ញវត្ថុ។ លោកមានបទពិសោធន៍ការងារជាង១២ឆ្នាំក្នុងផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ(ភាគច្រើននៅក្នុងវិស័យហិរញ្ញវត្ថុ) ដែលបានផ្ដល់ឱ្យគាត់នូវបទពិសោធន៍យ៉ាងទូលំ​ទូលាយ​ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុការធ្វើ និងគ្រប់គ្រងផែនការហិរញ្ញវត្ថុការរៀបចំគម្រោងថវិការ អាជីវកម្ម និងការ​គ្រប់គ្រងផ្នែករតនាភិបាល។

លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រលើផ្នែកគណនេយ្យ ភាសា​​អង់គ្លេស និងក្លាយជាគណនេយ្យជំនាញ ACCA Affiliate

លោក វង ពណ្ណរាយ

នាយកប្រតិបត្តិធនធានមនុស្ស & រដ្ឋបាល

លោក វង ពណ្ណរាយ ធ្លាប់មាន បទពិសោធន៍ផ្នែកធនធានមនុស្ស និងរដ្ឋបាលរយ:ពេល១៤ឆ្នាំ ដោយចាប់ផ្តើមតំណែងពីមន្ត្រីផ្នែកធនធានមនុស្សរហូតដល់ក្លាយជានាយកប្រតិបត្តិធនធានមនុស្ស និងរដ្ឋបាល។ នៅក្នុងកំឡុងពេល១៤ឆ្នាំនេះលោកបានធ្វើការ និងទទួលបានបទពិសោធន៍ពីក្រុមហ៊ុនផ្សេងៗ គ្នាចំនួន០៥ក្រុមហ៊ុនដូចជា៖ អង្គការអន្តរជាតិ Hagar ចំនួន០៣ឆ្នាំជាប្រធានផ្នែកជ្រើសរើសបុគ្គលិក ក្រុមហ៊ុន Huawei Cambodia ចំនួន០២ឆ្នាំ ជាអ្នកជំនាញផ្នែកជ្រើសរើសបុគ្គលិកទំនាក់ទំនងបុគ្គលិក និងបណ្ដុះបណ្តាល ក្រុមហ៊ុន Tan Chong Motor ចំនួន០២ឆ្នាំ ជានាយករងផ្នែកធនធានមនុស្ស ក្រុមហ៊ុន British American Tobacco ចំនួន ០២ឆ្នាំ ជានាយកផ្នែកសេវាកម្មបុគ្គលិក និងប្រធានផ្នែកធនធានមនុស្សនៅនាយកដ្ឋានប្រតិបត្តិការ និងក្រុមហ៊ុន Newa Insurance ចំនួនជិតពីរឆ្នាំ ជានាយកនាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល ។

លោកក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិតពាណិជ្ជកម្ម។

លោក មាង ឈុនអេង

នាយកប្រតិបត្តិសវនកម្មផ្ទៃក្នុង

លោក មាង ឈុនអេង មានបទពិសោធន៍ជាមួយវិស័យហិរញ្ញវត្ថុរយៈពេលជាង១៧ឆ្នាំ ក្នុងតួនាទីជាច្រើនរួមមានជានាយកប្រតិបត្តិសវនកម្មផ្ទៃក្នុងរយៈពេល៨ឆ្នាំជាមួយ ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី។ មុនពេលលោកបម្រើការងារជាមួយ ហ្វូណនលោកបានបម្រើការងារជាសវនករផ្ទៃក្នុងរយៈពេល៥ឆ្នាំ និងជាមន្ត្រីឥណទានរយៈពេល៣ឆ្នាំ ជាមួយគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុប្រាសាក់។

លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ និងបរិញ្ញាបត្រផ្នែកគណនេយ្យនិងហិរញ្ញវត្ថុ។

លោក គង់ វណ្ណៈ

នាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ

លោក គង់ វណ្ណៈ មានបទពិសោធន៍ជាង១៥ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុនៅក្នុងតួនាទីជាច្រើនជាមួយហ្វូណន លោកចាប់ផ្តើមតួនាទីជានាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ ក្រោយមកឡើងជានាយកប្រតិបត្តិត្រួតពិនិត្យ និងវាយតម្លៃឥណទាន។
មុនពេលបម្រើការងារជាមួយ ហ្វូណន លោកធ្លាប់បានបម្រើការងារធនាគារ ប្រៃណីយ៍កម្ពុជា ក.អ ក្នុងតួនាទីជានាយកឥណទាន ។

លោកធ្លាប់បម្រើការងារនៅក្រុមហ៊ុន ភតិសន្យាហិរញ្ញវត្ថុលីហួររយៈពេល២ឆ្នាំ ជានាយកនាយកដ្ឋានឥណទានបន្ទាប់មកលោកបានចូលបម្រើការងារជានាយកសាខារងរយៈពេល២ឆ្នាំនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ។

លោកបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រគណនេយ្យ និងភាសាអង់គ្លេស។

លោក វៀច សុង

នាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ

លោក វៀច សុង ជាអ្នកជំនាញមីក្រូហិរញ្ញវត្ថុមួយរូបបានកំពុង​បម្រើការងារក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរយៈពេល១៨ឆ្នាំ។ លោក វៀច សុង បានចាប់ផ្តើមការងារជាមួយ ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ក្នុងឆ្នាំ២០២២ ជានាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ។

មុនពេលចូលបម្រើការងារជាមួយ ហ្វូណន លោកធ្លាប់បម្រើ ការងារនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វីសិនហ្វាន់ (កម្ពុជា) អស់រយៈពេល១៦ឆ្នាំ ចាប់ផ្តើមពីតួរនាទីជាមន្រ្តីឥណទានប្រធានសាខាប្រធានគ្រប់គ្រងតំបន់ និងប្រធានប្រតិបត្តិការ។

លោក វៀច សុង បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មជំនាញហិរញ្ញវត្ថុ និងធនាគារជាសមាជិកសាវនកស្តង់ដារ ISO 45001 និងទទួលបានការបណ្តុះ​បណ្តាលជំនាញជាច្រើនក្នុងការគ្រប់គ្រងមីក្រូហិរញ្ញវត្ថុ និងការអភិវឌ្ឍន៍សហគ្រាសខ្នាតតូច និងមធ្យម។

លោក លី ជាជីញ

នាយកប្រតិបត្តិបច្ចេកវិជ្ជាព័ត៌មាន

លោក លី ជាជីញ មានបទពិសោធន៍១៣ ឆ្នាំនៅក្នុងវិស័យហិរញ្ញវត្ថុ និងICT (បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង) ដោយកាន់មុខ​តំណែងជាច្រើនដូចជាក្រុមហ៊ុន ISP រយៈពេល១ឆ្នាំជាមន្ត្រីបច្ចេកទេសគ្រប់គ្រងបណ្តាញក្រុមហ៊ុនអភិវឌ្ឍន៍កម្មវិធី រយៈ​ពេល១ឆ្នាំជាមន្ត្រីអភិវឌ្ឍន៍កម្មវិធី និងការគាំទ្រសមាគមអភិវឌ្ឍន៍កម្ពុជា ជាមន្ត្រីគ្រប់គ្រងបណ្តាញ និងការគាំទ្រប្រព័ន្ធស្នូលធនាគារយៈពេល១ឆ្នាំមន្ត្រីជាន់ខ្ពស់ផ្នែកគ្រប់គ្រងបណ្តាញ និងការគាំទ្រប្រព័ន្ធស្នូលធនាគារយៈពេល២ឆ្នាំ និងជាប្រធានផ្នែកអភិវឌ្ឍន៍កម្មវិធី និងការគាំទ្រប្រព័ន្ធស្នូលធនាគារយៈ​ពេល២ឆ្នាំ មីក្រូហិរញ្ញវត្ថុហ្វូណនជាប្រធានផ្នែក Helpdesk និងគាំទ្រប្រព័ន្ធធនាគារស្នូលរយៈពេល៣ឆ្នាំ និងជានាយកបច្ចេកព័ត៌មានវិទ្យា ទទួលបន្ទុកផ្នែកសន្តិសុខព័ត៌មានវិទ្យា និងគាំទ្រប្រព័ន្ធធនាគារស្នូលរយៈពេល៣ឆ្នាំ។

លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងបានចូលរួមវគ្គសិក្សាក្នុងផ្នែក IT Governance, IT Audit and Control, IT Risk Management និង Oracle Database។

លោក នួន អង្គារឫទ្ធិ

នាយកប្រតិបត្តិប្រតិបត្តិការ

លោក នួន អង្គារឫទ្ធិ នាយកប្រតិបត្តិប្រតិបត្តិការ លោកមានបទពិសោធន៍យ៉ាងទូលំទូលាយជាង១៧ឆ្នាំ ក្នុងវិស័យធនាគារ។ លោកចាប់ផ្តើមអាជីពដំបូងក្នុងឆ្នាំ២០០៦ ជាមួយធនាគារអេស៊ីលីដា ភីអិលស៊ីអស់រយៈពេលជិត៧ឆ្នាំពីមន្ត្រីឥណទានខ្នាតតូច ដល់ប្រធានផ្នែកហិរញ្ញប្បទានពាណិជ្ជកម្មសាខា។ បន្ទាប់ពីរយៈពេលជិត១ឆ្នាំជាមួយធនាគារ អ អេច ប៊ី ឥណ្ឌូឆៃណាជាជំនួយការនាយកសាខាខេត្តកំពង់ចាមលោកបានចូលរួមជាមួយក្រុមស្ថាបនិកនៃធនាគារឯកទេស ឈីហ្វ (ខេមបូឌា) ភីអិលស៊ី ក្នុងឆ្នាំ២០១៣ជានាយកប្រតិបតិ្តការ។ ក្នុងនាមជាសមាជិកនៃក្រុមចម្រុះ ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ភីអិលស៊ី ត្រូវបានផ្តល់អាជ្ញាប័ណ្ណធនាគារពាណិជ្ជដោយជោគជ័យក្នុងឆ្នាំ២០១៨។ បន្ទាប់មកលោកបានចូលរួមជាមួយធនាគារ អ អេច ប៊ី (ខេមបូឌា) ភីអិលស៊ី ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ ចាប់ផ្តើមពីនាយកគ្រប់គ្រងជាន់ខ្ពស់ផ្នែកគាំទ្រសេវាកម្មធនាគារ និងចុងក្រោយជាប្រធានផ្នែកប្រតិបត្តិការធនាគារ នៃនាយកដ្ឋានអាជីវកម្ម។

លោក អង្គារឫទ្ធិ បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងធនាគារពីសាកលវិទ្យាល័យបៀលប្រាយ,បរិញ្ញាបត្រគ្រប់គ្រងអាជីវកម្ម ជំនាញគណនេយ្យ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង, និងបរិញ្ញាប័ត្រសិល្បៈសាស្រ្ត ជំនាញបកប្រែ ពីសាកលវិទ្យាល័យបៀលប្រាយ។