ចំ​ណាប់​​អារម្មណ៍​​របស់​​ប្រ​ធាន​​ក្រុម​​ប្រឹ​ក្សា​​ភិ​បា​ល – ហ្វូណន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

ជាបឋមខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាព គ្រប់គ្រងទៅនឹងការរាតត្បាតនៃជម្ងឺកូវីដ១៩ក្នុងប្រទេសកម្ពុជាទាន់ពេល វេលា និងប្រកបដោយប្រសិទ្ធភាព ដែលយើងអាចសម្គាល់ឃើញថា ខណៈពេលដែលប្រទេសជាច្រើន ទំាងក្នុងតំបន់ ក៏ដូចជាក្នុងពិភលោកទំាងមូលកំពុងបានឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩នេះ ហើយមានទីក្រុង ជាច្រើនត្រូវបានអនុវត្តនូវវិធានការបិទខ្ទប់ និងបម្រាមនានាដើម្បីកាត់ផ្តាច់ខ្សែចង្វាក់នៃការចម្លង ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាយើងមានករណីរកឃើញត្រឹម៣៦៣នាក់ប៉ុណ្ណោះ (គិតត្រឹមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០) ហើយភាគច្រើនជាករណីនាំចូល។ អាជ្ញាធរបានចាត់វិធានការ យ៉ាងឆាប់ រហ័សនូវប្រភពនៃការចម្លងថ្មីៗតាមរយៈការធ្វើតេសបន្ទាន់ចំពោះអ្នកដែល មានទំនាក់ទំនងផ្ទាល់នឹងបុគ្គលវិជ្ជមាន និងអនុវត្តវិធានចត្តាឡីស័ក។ ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វូណន និងក្នុងនាមខ្ញុំផ្ទាល់ យើងខ្ញុំប្តេជ្ញាចិត្ត ក្នុងការចូលរួមយ៉ាងសកម្មជាមួយ រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់នូវវិបត្តិនេះ ដើម្បីរួមចំណែករក្សាបាននូវ សន្តិភាព និងស្ថេរភាពជាតិយើង។

ទោះបីជាការរាតត្បាតក្នុងស្រុកត្រូវបានគ្រប់គ្រងក៏ដោយសម្រាប់ឆ្នាំ ២០២០នេះ ប៉ុន្តែជម្ងឺរាតត្បាតជាសកលនេះ បានធ្វើឱ្យរាំងស្ទះដល់ សកលភាវូបនីយកម្ម ខ្សែចង្វាក់នៃការផ្គត់ផ្គង់ និងការផ្លាស់ប្តូរនៃរបៀបទំនាក់ទំនង និងការរស់នៅរបស់មនុស្សជាតិ។ ហើយវាពិតជាបានធ្វើ ឱ្យមានផលប៉ះពាល់ ជាពិសេសទៅលើវិស័យធំៗដែលគាំទ្រដល់ឃឿនសេដ្ឋកិច្ចជាតិទំាងមូល រួមមានវិស័យនាំចេញនាំចូល វិស័យទេសចរណ៍ និងវិស័យដឹកជញ្ជូនផងដែរ។ ចាប់តាំងពីដើមឆ្នាំ២០២០មក មានរោងចក្រ សហគ្រាសមួយចំនួន បានធ្វើការ ពន្យាពេលប្រតិបត្តិការបស់ខ្លួន ហើយបណ្តាលឱ្យការងារជាងពីររយកន្លែងត្រូវបានផ្អាកជាបណ្តោះ អាសន្ន។ ផលប៉ៈពាល់ទំាងអស់នេះ បានធ្វើឱ្យកំណើនសេដ្ឋកិច្ច កម្ពុជា សម្រាប់ឆ្នាំ២០២០ ធ្លាក់ចុះអវិជ្ជមានពីរភាគរយ។

វិស័យហិរញ្ញវត្ថុនៅបន្តមានវឌ្ឍនៈភាពសម្រាប់ឆ្នាំ២០២០នេះ ដែលមានកំណើនទ្រព្យសកម្មសរុប១៥,៧ភាគរយ។ សម្រាប់ទំហំប្រាក់កម្ចីធនាគារ និងមីក្រូហិរញ្ញវត្ថុមានកំណើន១៤,៨ភាគរយ និងប្រាក់សន្សំមានកំណើន១៥,៤ភាគរយ។ ផលប័ត្រឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុ មានប្រមាណ ជាង៦,៨ពាន់លានដុល្លារអាមេរិក ដែលមានកំណើនប្រហែល១២,៥ ភាគរយបើធៀបនឹងឆ្នាំ២០១៩កន្លងទៅ។ សកម្មភាពនៃការផ្តល់ប្រាក់ កម្ចីរបស់មីក្រូហិរញ្ញវត្ថុមានបំណែងចែកដូចតទៅ ៣១,២ភាគរយទៅលើការប្រើប្រាស់ផ្ទាល់ខ្លួន ២០,៩ភាគរយជាដើមទុនអាជីវកម្ម ១៨,៩ភាគរយសម្រាប់វិស័យកសិកម្ម ១៦,២ភាគរយទៅលើវិស័យសេវា កម្ម ៦ភាគរយសម្រាប់វិស័យដឹកជញ្ជូន ៣,៨ភាគរយសម្រាប់វិស័យសំណង និង៣%លើវិស័យផ្សេងៗ។ ភាគរយនៃសកម្មភាពផ្តល់ប្រាក់កម្ចីរបស់វិស័យមីក្រូហិរញ្ញវត្ថុនេះគឺមានភាពប្រហាក់ប្រហែលគ្នាទៅសកម្មភាពនៃការផ្តល់ប្រាក់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វូណនផងដែរ។ការ រាំងស្ទះនៃចំណូលរបស់អតិថិជនដែលរង់ពីអស្ថេរភាពនៃសកម្មភាព សេដ្ឋកិច្ចក្នុងស្រុក ធ្វើឱ្យគ្រឹះស្ថានហិរញ្ញវត្ថុមានកំណើនឡើងចុះនៃផលប័ត្រឥណទានមានហានិភ័យ (DPD30+) ប្រែប្រួលសម្រាប់ខែ នីមួយៗនៃឆ្នាំ២០២០។ ចាប់ពីត្រីមាសទី៤មក សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកហាក់មានសន្ទុះឡើងវិញជាបណ្តើរៗ ធ្វើឱ្យអត្រាផលប័ត្រឥណទានមានហានិភ័យមាន១,៧១ភាគរយសម្រាប់វិស័យទំាងមូល ដែលវិស័យធនាគារមានអត្រា១,៦៤ភាគរយ និង១,៦៣ភាគរយ សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ។

ក្នុងបរិបទនៃការអនុវត្តន៍នូវរបៀបរស់នៅថ្មី ជាពិសេសក្នុងការរក្សា គម្លាតសង្គមនោះ គ្រឹះស្ថានហិរញ្ញវត្ថុជាពិសេសធគារ និងគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុទទួលប្រាក់បញ្ញើបាននឹងកំពុងធ្វើការជម្រុញការប្រើប្រាស់ បច្ចេកវិទ្យាធនាគារចល័ត ដើម្បីធ្វើប្រតិបត្តិការផ្ទេរឬចំណាយ (QR Scan)ដោយមិនចំាបាច់ប្រើប្រាស់ក្រដាសប្រាក់ដោយផ្ទាល់។ កិច្ចគាំទ្រពីធនាគារជាតិនៃកម្ពុជា តាមរយៈការបង្កើតនូវប្រព័ន្ធធ្វើប្រតិបត្តិការឆ្លងធនាគារ ជាពិសេសប្រព័ន្ធបាគង អាចឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ ធ្វើអន្តរកម្មនៃប្រ តិបត្តិការឆ្លងធនាគារដោយមិនគិតថ្លៃសេវា ហើយនេះបានជម្រុញនូវ សកម្មភាពប្រតិបត្តិការមិនប្រើប្រាស់សាច់ប្រាក់ ឬការបូបអេឡិចត្រូនិច សម្រាប់សង្គមកម្ពុជាក្នុងយុគ្គសម័យបច្ចេកវិទ្យានេះ។

ក្នុងនាមជាស្ថាប័នមីក្រូហិរញ្ញវត្ថុមួយ ហ្វូណនបាននឹងកំពុងគាំទ្រដល់អតិ ថិជន ដែលទទួលរងផលប៉ៈពាល់ពីវិបត្តិ នៃការរីករាលដាលជាសកលនៃ ជម្ងឺនេះតាមរយៈការផ្តល់ការអនុគ្រោះ លើការរៀបចំឥណទានឡើងវិញ ដើម្បីធានានូវនិរន្តរភាពអាជីវកម្មរបស់ពួកគេ។ ដោយមានការគាំទ្រយ៉ាង យកចិត្តទុកដាក់ពីភាគទុនិក ទាំងប្រភពផ្តល់មូលនិធិ និងជំនួយបច្ចេកទេស ហ្វូណននៅតែរឹងមាំ នឹងផ្លាស់ប្តូររាល់បញ្ហាប្រឈមទាំងនេះឱ្យទៅជាឱកាស ហើយទទួលបានការជឿទុកចិត្តកាន់តែច្រើនពីភាគីពាក់ ព័ន្ធរួមមាន អតិថិជន និយ័តករ និងអ្នកផ្តល់ហិរញ្ញប្បទាននានា ដើម្បី រួមចំណែកដល់វឌ្ឍនៈភាពរបស់ហ្វូណននាពេលខាងមុខជា បន្តទៀត។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ធនាគារជាតិនៃកម្ពុជា ដែលជាធនាគារកណ្តាល បានយកចិត្តទុកដាក់ចាត់វិធាន ដល់គ្រប់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ក្នុងការដោះស្រាយ រាល់បញ្ហាប្រឈម ឆ្លើយតបទៅនឹងវិបត្តិដោយ រក្សាប្រយោជន៍ ដល់គ្រប់ភាគីពាក់ព័ន្ធ និងអតិថិជនផងដែរ។

ជាចុងបញ្ចប់ យើងខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជន និយ័តករ បុគ្គលិក ភាគទុនិក និងគ្រប់ភាគីពាក់ព័ន្ធ សម្រាប់ការខិត ខំប្រឹងប្រែង រយៈពេលកន្លងមកក្នុងការជួយគាំទ្រ ផ្តល់ទំនុកចិត្ត ដល់គ្រឹះស្ថាន ហ្វូណនឲ្យទទួលបានលទ្ធផលល្អសម្រាប់ឆ្នាំ២០២០នេះ។

សូមទេវតាឆ្នាំថ្មី ប្រសិទ្ធិពរជ័យ សេរីមង្គល វិបុលសុខចម្រើនរុងរឿង ដល់លោកអ្នកទាំងអស់ កុំបីឃ្លៀងឃ្លាតឡើយ។

សូមសុខសុវត្តិភាព ពីជម្ងឺដង្កាត់ទាំងឡាយ។

អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ
ប្រធានក្រុមប្រឹក្សាភិបាល