ប្រវត្តិក្រុមហ៊ុន
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន គឺជាបុត្រសម្ព័ន្ធរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ធ្វើប្រតិបត្តិការអាជីវកម្មផ្តល់សេវាកម្មហិរញ្ញវត្ថុ តាមរយៈបណ្តាញការិយាល័យប្រតិបត្តិការចំនួន៥១សាខាដែលគ្របដណ្តប់រាល់តំបន់សក្តានុពលនានាទាំងកម្រិតខេត្ត និងស្រុកទូទាំងប្រទេសកម្ពុជា។ ភាគទុនិកនៃធនាគារប្រៃសណីយ៍កម្ពុជា ក.អ គឺជាការវិនិយោគរួមគ្នារវាង ក្រុមហ៊ុនវិនិយោគកាណាឌីយ៉ាហូលឌីង ដែលមានទុនវិយោគចំនួន៩៥% និង៥%ពីក្រុមហ៊ុនស្វ័យ័តរបស់រដ្ឋគឺ ប្រៃសណីយ៍កម្ពុជា។
ដោយធនាគារប្រៃសណីយ៍កម្ពុជា ក.អ ជាក្រុមហ៊ុនវិនិយោគលើក្រុមហ៊ុនហ្វូណន និងជាធនាគារដែលផ្តោតលើទីផ្សារចម្រុះនៃកម្រិតចំនូលអតិថិជន (Mass Market) ដូច្នោះទីផ្សារគោលដៅរបស់ហ្វូណនគឺបំពេញឱ្យទីផ្សារចម្រុះនេះ (Mass Market) ដោយផ្តោតលើអតិថិជនដែលមានកម្រិតចំណូលទាប និងកសិករនៅតាមទីជនបទ ដែលធនាគារពិបាកក្នុងការចាប់យក។
ប្រវត្តិរបស់គ្រឹះស្ថាន

ឆ្នាំ២០២០-ការទទួលយកនូវទម្រង់បច្ចេកវិទ្យាក្នុងតំណើការអាជីវិកម្ម
ការផ្ទុះឡើងនៃជម្ងឺរាតត្បាតជាសកល (ជម្ងឺកូវីដ១៩) តាមរយៈការអនុវត្តន៍គម្លាតសង្គម និងការអនុវត្តន៍របៀបរស់នៅថ្មី ធ្វើឱ្យមនុស្សចាប់ផ្តើម ប្រើប្រាស់ ទម្រង់នៃប្រព័ន្ធបច្ចេកវិទ្យាក្នុងការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកក្នុងការរស់នៅប្រចាំថ្ងៃ។ ដូច្នោះក្នុងឆ្នាំ២០២០នេះ គ្រឹះស្ថានបាននឹងកំពុង ធ្វើការ អភិវឌ្ឍន៍ប្រព័ន្ធដំណើរការប្រាក់់កម្ចី ហើយគ្រឹះស្ថាននឹងខិតខំឱ្យប្រព័ន្ធនេះដាក់ដំណើរការក្នុងឆ្នាំ២០២១។ ក្នុងឆ្នាំ២០២០ ហ្វូណនបានធ្វើការផ្លាស់ប្តូរ ពណ៌នៃអត្តសញ្ញាណរបស់ខ្លួនឱ្យស្របតាមអត្តសញ្ញាណរបស់ក្រុមហ៊ុនមេគឺធនាគារប្រៃសណីយ៍កម្ពុជា ក.អ។ ហ្វូណន មានការិយាល័យប្រតិបត្តិការចំនួន៥១សាខា តំបន់ប្រតិបត្តិការចំនុះសាខាចំនួន៥កន្លែង(Branchless areas) មានបុគ្គលិកសរុបចំនួន៥៤៧នាក់ និងផលប័ត្រឥណទានសរុប៥៦,៨លានដុល្លារអាមេរិក។

ឆ្នាំ២០១៨/ កំណើន និងការអភិវឌ្ឍន៍អាជីវកម្ម
ក្នុងខែមិថុនា ឆ្នាំ២០១៨ យើងបានចាប់ផ្តើមអនុវត្តលើការបញ្ចេញឥណទានតាមភ្នាក់ងារ តារ៉ាផេ (ក្រុមហ៊ុនផ្តល់សេវាទូទាត់) ទៅតាមតំបន់ប្រតិបត្តិការគ្មានសាខា ហើយបន្ទាប់មកធ្វើការពង្រីកការអនុវត្តន៍ បន្ថែមទៀតនៅគ្រប់តំបន់ប្រតិបត្តិការដើម្បីជាជម្រើសបន្ថែមដល់អតិថិជន។ នៅក្នុងឆ្នាំដដែលនេះ ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានពង្រីកតំបន់ប្រតិបត្តិការគ្មានសាខា ចំនួន២កន្លែង។ ខែកក្កដា ឆ្នាំ២០១៨ ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានចុះកិច្ច សហប្រតិបត្តិការ អាជីវកម្ម ជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណ្ណភូមិឡាយ លើការផ្តល់ការធានារ៉ាប់រងជីវិតជូនអតិថិជន។ និងបានបន្តសហប្រតិបត្តិការ អាជីវកម្មជាមួយក្រុមហ៊ុន តារ៉ាផេរ ធនាគារប្រៃសណីយ៍កម្ពុជា និងតាមបណ្តាហាងដៃគូរលក់សម្ភារៈអេឡិចត្រូនិច ប្រើប្រាស់ក្នុងផ្ទះ ក្នុងកិច្ចប្រតិបត្តិការណែនាំកម្ចី។ ក្នុងឆ្នាំនេះផងដែរ ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី មានសាខាចំនួន ៥១ បុគ្គលិកចំនួន ៦៤៦នាក់ អតិថិជនចំនួន ១៩,៨៥៦នាក់ និងសម្យតុលឥណទានសរុបកើនដល់ ៤៧លានដុល្លារអាមេរិក។

ឆ្នាំ២០១៧-ការវិវត្តន៍អាជីវកម្ម
គ្រឹះស្ថានទទួលបានការអនុម័តស្តីពីការផ្លាស់ប្តូរភាគទុនិកពី ធនាគារជាតិ នៃកម្ពុជា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ និងការអនុម័តពី ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧។ នៅថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០១៧ ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានរៀបចំព្រឹត្តិការណ៍ផ្ទេរភាគហ៊ុនជាផ្លូវការមួយដែលមានការចូលរួមពីភាគទុននិក ក៏ដូចជា អាជ្ញាធរ បុគ្គលិក រួមទាំងថ្នាក់គ្រប់គ្រងជាតិ និងអន្តរជាតិចូលរួមផងដែរ។ ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានផ្លាស់ប្តូរទីផ្សារគោលដៅថ្មី ដើម្បីបំពេញទីផ្សារគោលដៅរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ដែលជាក្រុមហ៊ុនមេសម្ព័ន្ធផ្តោតលើគោលដៅទីផ្សារភាគធំនៃកម្រិតចំណូលរបស់ប្រជាជន (Mass Market)។ ដើម្បីកាត់បន្ថយការប្រមូលឥណទានតាមតំបន់ប្រតិបត្តិការ ដោយមន្ត្រីឥណទាន ដែលពេលនោះអតិថិជនស្ទើរទាំងអស់ធ្វើការបង់ប្រាក់តាមតំបន់ប្រតិបត្តិការ។ ហ្វូណន បានចុះកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន ផ្តល់សេវាទូរទាត់ គឺក្រុមហ៊ុនវីង ក្នុងខែមិថុនា ឆ្នាំ២០១៧ ហើយអនុញ្ញាតិអោយអតិថិជនធ្វើការទូរទាត់តាមភ្នាក់ងារវីងដែលនៅជិតពួកគេ បន្ថែមលើជម្រើស នៃការបង់ឥណទាននៅការិយាល័យ។ នៅខែធ្នូ ឆ្នាំ២០១៧ ហ្វូណន បានចុះកិច្ចព្រមព្រៀងបន្ថែមជាមួយក្រុមហ៊ុនផ្តល់សេវាទូរទាត់ផ្សេងទៀត គឺក្រុមហ៊ុនតារាផេរ។

ឆ្នាំ២០១៥-ការវិវត្តន៍ទៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ សមាគមន៍អភិវឌ្ឍន៍ប្រជាជនកម្ពុជាបានទទួលបានអាជ្ញាប័ណ្ណពី ធនាគាជាតិ នៃកម្ពុជា ដែលមានឈ្មោះថាហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី និងបានចុះបញ្ជីស្របច្បាប់ជាមួយអាជ្ញាធររដ្ឋាភិបាលផ្សេងទៀតដូចជា ក្រសួងពាណិជ្ជកម្ម នៅក្នុងខែមិថុនា ឆ្នាំ២០១៥ និងអគ្គនាយកដ្ឋានពន្ធដារ នៅខែកក្កដា ឆ្នាំ២០១៥។ រាល់ទ្រព្យសម្បត្តិ និងបំណុលទាំងអស់របស់សមាគមន៍អភិវឌ្ឍន៍ប្រជាជនកម្ពុជា ត្រូវបានផ្ទេរ និងទទួលបានការអនុម័តជាផ្លូវការពី ធនាគាជាតិ នៃកម្ពុជា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥។ នៅក្នុងឆ្នាំ២០១៦ ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី មានសាខាចំនួន ៤៩សាខា បុគ្គលិកចំនួន ៧៣៣នាក់ និងអតិថិជនច្រើនជាង ៣០,៣១១ នាក់ និងសម្យតុលឥណទាន១០លានដុល្លារអាមេរិក។ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ធនាគារប្រៃសណីយ៍កម្ពុជា ក.អ បានចុះកិច្ចព្រមព្រៀងទិញភាគហ៊ុន ១០០%របស់គ្រឹះស្ថាន ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី។

ឆ្នាំ២០១១-ទទួលបានអាជ្ញាប័ណ្ណជាអង្គការក្រៅរដ្ឋាភិបាល
អង្គការក្រៅរដ្ឋាភិបាលដែលហៅថា សមាគមន៍អភិវឌ្ឍន៍ប្រជាជនកម្ពុជា បង្កើតឡើងនៅក្នុងខែកក្កដា ឆ្នាំ២០១១ និងបានចុះបញ្ជីស្របច្បាប់ ជាមួយក្រសួងមហាផ្ទៃ ក្នុងការផ្តល់ប្រាក់កម្ចីខ្នាតតូចទៅដល់ជនក្រីក្រសម្រាប់អភិវឌ្ឍន៍សហគមន៍របស់ពួកគេ។ នៅចុងឆ្នាំ២០១៤ សមាគមន៍អភិវឌ្ឍន៍ប្រជាជនកម្ពុជា មានសាខាចំនួន ៤៩សាខា បុគ្គលិកចំនួន ៨២១នាក់ អតិថិជនច្រើនជាង ៣០,០០០នាក់ និងសម្យតុលឥណទាន ៤លានដុល្លារអាមេរិក។