- January 10, 2023
- |Uncategorized
នាថ្ងៃសុក្រ១៥កើតខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ ហ្វូណនមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានរៀបចំសន្និបាតបូកសរុបលទ្ធផលឆ្នាំ២០២២ និងកំណត់ផែនការណ៍សម្រាប់ឆ្នាំ២០២៣ នៅសណ្ឋាគារឯករាជ្យនៃក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមបរិយាយកាសសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែង។ លោកប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថាន បានសាទរសម្រាប់លទ្ធផលរបស់គ្រឹះស្ថានក្នុងឆ្នាំ២០២២ ដែលទទួលបានស្របតាមការរំពឹងទុក ជាពិសេសលើផលិតភាពហិរញ្ញវត្ថុ និងផលិតភាពប្រាក់ចំណេញ ហើយបានឧទ្ទិសនៃលទ្ធផលទំាងនេះទៅដល់ក្រុមការងារទាំងមូលរបស់ហ្វូណន។ ក្នុងនោះផងដែរថ្នាក់ដឹកនាំនៃគ្រឹះស្ថានបានកំណត់គោលដៅ និងផែនការណ៍សកម្មភាពជាអាទិភាពសម្រាប់ឆ្នាំ២០២៣ និងការប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យបាននូវលទ្ធផលនេះផងដែរ។
ការផ្តល់ការសរសើរ និងលើកទឹកចិត្តក៏ត្រូវបានធ្វើឡើងផងដែរ សម្រាប់សាខាដែលមានផលប័ត្រឥណទានច្រើនជាងគេ សាខាដែលមានអតិថិជនច្រើនជាងគេ សាខាដែលមានប្រាក់ចំណេញច្រើនជាងគេ សាខាដែលមានកំណើនឥណទានច្រើនជាងគេ សាខាដែលមានហានិភ័យឥណទានល្អបំផុតនិងល្អប្រសើរ សាខាដែលបានអនុវត្តផែនការបានច្រើនជាងគេ សាខា/នាយកដ្ឋានដែលទទួលបានការរង្វាយតម្លៃល្អពីសវនៈកម្មផ្ទៃក្នុង និងសាខាដែលអនុវត្តផលិតផលផ្សេងៗ (ឥណទានម៉ូតូ និងធានារ៉ាប់រង) បានល្អជាងគេ។
លើសពីនេះគ្រឹះស្ថាន និងធនាគារប្រៃសណីយ៍កម្ពុជា បានរៀបចំនូវពិធីពិសាភោជនាហារ និងសកម្មភាពការងារក្រុមរួមគ្នាក្នុងគោលបំណងបង្កើនចំណងមិត្តភាពគ្រប់ជាន់ថ្នាក់ កិច្ចសហការការងារក្រុម យោគយល់អធ្យាស្រ័យ និងការចេះឱ្យតម្លៃគ្នាទៅវិញទៅមក ស្របតាមគុណតម្លៃរួមរបស់គ្រឹះស្ថាននៃការបង្កើតនូវវប្បធម៌ល្អ និងសុខដុមរម្មណីកម្មក្នុងអង្គភាព។