- January 16, 2024
- |Uncategorized
ផលិតផលក្នុងស្រុក (ផ.ផ.ស) សម្រាប់មនុស្សម្នាក់ៗ (GDP per capita) ជាង១,៩១៧ដុល្លារប្រចាំឆ្នាំ២០២៣ (ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) បានឆ្លុះបញ្ចាំងពីចំណូលប្រចាំឆ្នាំរបស់ប្រជាជនកម្ពុជា និងបញ្ជាក់ថាវិស័យមីក្រូហិរញ្ញវត្ថុនៅតែជាចលករមួយរួមចំណែកជម្រុញកំណើនសេដ្ឋកិច្ច តាមរយៈឥណទានខ្នាតតូច និងតូចបំផុតរបស់ខ្លួន។ បំពេញបន្ថែមទៅនឹងទីផ្សារគោលដៅចម្រុះ (Mass Market) របស់ធនាគារប្រៃសណីយ៍កម្ពុជា ក.អ ដែលជាម្ចាស់ភាគទុនិក១០០% នៃហ្វូណនមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី គ្រឹះស្ថានបានផ្តោតលើសេវាកម្មហិរញ្ញវត្ថុខ្នាតតូច សម្រាប់ប្រជាជនដែលមានចំណូលទាប និងចំណូលមធ្យមកម្រិតទាប។ ហើយនេះក៏រួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ដែលបានកំណត់យុទ្ធសាស្ត្រសេដ្ឋកិច្ចសម្រាប់ប្រទេសកម្ពុជាឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ បណ្តាញការិយាល័យប្រតិបត្តិការទូទាំងប្រទេស ចំនួន៥១កន្លែង បានធ្វើឱ្យគ្រឹះស្ថានអាចទៅដល់អតិថិជនគោលដៅរបស់ខ្លួន ហើយជាមធ្យមក្នុងអតិថិជនម្នាក់មានទំហំឥណទានជាង៤,៣០០ដុល្លារអាមេរិក ដែលបានផ្តល់ជូនដល់អតិថិជនសម្រាប់ប្រកបរបរកសិកម្មខ្នាតតូចជាង៣១% នៃទំហំឥណទានសរុប និងជាង១៨%ទៅលើវិស័យអាជីវកម្មផ្សេងៗ។
ក្នុងបរិបទនៃទីផ្សារមីក្រូហិរញ្ញវត្ថុ ដែលអតិថិជនគោលដៅត្រូវការ ការការពារ និងការយកចិត្តទុកដាក់បន្ថែមលើការអប់រំហិរញ្ញវត្ថុ ក្រៅពីយុទ្ធនាការអប់រំហិរញ្ញវត្ថុដល់សិស្សានុសិស្សកម្រិតថ្នាក់អនុវិទ្យាល័យ ដែលជាសកម្មភាពទំនួលខុសត្រូវសង្គមក្នុងឆ្នាំ២០២៣នេះ គ្រឹះស្ថានក៏បានសហការជាមួយសមាគមន៍មីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ក្នុងកិច្ចការងារផ្សព្វផ្សាយ វីដេអូស្តីពីការអប់រំហិរញ្ញវត្ថុជាប្រចាំ ក្នុងត្រីមាសទី៤នៃឆ្នាំ២០២៣នេះផងដែរ។ តាមរយៈបណ្តាញផ្សព្វផ្សាយរបស់គ្រឹះស្ថាន វីដេអូស្តីពីការអប់រំហិរញ្ញវត្ថុ បានទៅដល់អ្នកទស្សនា (Target Audience) រាប់ម៉ឺននាក់។ លើសពីនេះ គ្រឹះស្ថានបន្តខិតខំអនុវត្តគោលការណ៍ការការពារអតិថិជនទំាងប្រាំពីរចំនុចរួមមាន៖ (១)ការបង្កើត និងការផ្គត់ផ្គង់ផលិតផលសមស្រប (២)ការបង្ការបំណុលហួសកម្រិត (៣)តម្លាភាព (៤)ការកំណត់តម្លៃសមរម្យ (៥)ភាពស្មោះត្រង់ និងការគោរពអតិថិជន (៦)ការរក្សាព័ត៌មានសម្ងាត់របស់អតិថិជន (៧)យន្តការសម្រាប់ដោះស្រាយបណ្តឹងរបស់អតិថិន។
ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ខិតខំនាំមកឱ្យអតិថិជនរបស់ខ្លួនលើសេវាកម្មហិរញ្ញវត្ថុ ដែលពួកគាត់ត្រូវទទួលបាន។