គ្រឹះស្ថានមីក្រហិរញ្ញវត្ថុហ្វូណន កំណត់គោលដៅអប់រំហិរញ្ញវត្ថុ ដល់សិស្សានុសិស្សនៃកម្រិតអនុវិទ្យាល័យ ក្នុងកិច្ចការសង្គមឆ្នាំ២០២៣របស់ខ្លួន – ហ្វូណន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

ក្នុងកិច្ចការងារទំនួល​ខុសត្រូវសង្គមឆ្នាំ២០២៣នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វូណន បានកំណត់គោលដៅអប់រំហិរញ្ញវត្ថុដល់សិស្សានុសិស្ស ក្នុងកម្រិតអនុវិទ្យាល័យ នៃសាលាស្ថិតនៅក្នុងតំបន់ប្រតិបត្តិការរបស់គ្រឹះស្ថាន។ ការជ្រើសរើសយកក្មួយៗសិស្សានុសិស្សជាពិសេសក្នុងថ្នាក់ទី៨ និងទី៩នេះ​ ក្នុងគោលដៅអប់រំហិរញ្ញវត្ថុ នៃកម្មវិធីសង្គមរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វូណន ដោយយល់ឃើញថា សិស្សានុសិស្សក្នុងកម្រិតថ្នាក់នេះ អាចអានបាន គណនាបាន និងស្វែងយល់បានច្រើនពីបរិបទសង្គម និងក្រុមគ្រួសារ ហើយអាចចូលរួមចំណែក ក្នុងការកំណត់គោលដៅហិរញ្ញវត្ថុគ្រួសារ។ យ៉ាងណាមិញ ក្រុមគោលដៅនេះ គឺភាគច្រើននៃ​គ្រួសារក្នុងសហគមន៍បានបញ្ជូនកូនយ៉ាងហោចណាស់ត្រឹមការបញ្ចប់ថ្នាក់អនុវិទ្យាល័យស្របតាមយុទ្ធសាស្រ្តរបស់ក្រសួងអប់រំ ក្នុងការកៀគរសិស្សនៅតាមសហគមន៍។  ​

ការអប់រំហិរញ្ញវត្ថុដោយផ្តោតសំខាន់លើប្រធានបទ៖ “ចំណេះដឹងមូលដ្ឋាននៃការគ្រប់គ្រងសាច់ប្រាក់គ្រួសារ” នេះ ត្រូវបានលើកជាប្រធានបទ នៃកិច្ចការងារទំនួលខុសត្រូវសង្គមសម្រាប់ឆ្នាំ២០២២ផងដែរ ដែលគោលដៅត្រូវបានកំណត់សម្រាប់អតិថិជននិងសមាជិកគ្រួសារអតិថិជន ហើយអ្នកចូលរួមទទួលបានអត្ថប្រយោជន៍លើការងារនេះ​មានរហូតដល់ជិត២០,០០០គ្រួសារ។ ដើម្បីធានាថាខ្លឹមសារអប់រំហិរញ្ញវត្ថុត្រូវបានផ្តល់ជូនយ៉ាងល្អដល់អតិថិជន និងក្រុមគ្រួសាររបស់អតិថិជនរបស់យើងស្របតាមការរំពឹងទុក បុគ្គលិកពាក់ព័ន្ធត្រូវបានអញ្ជើញមកចូលចូលរួមការបណ្តុះបណ្តាលគ្រូបង្គោល(TOT) មុនពេលពួកគេចុះទៅចែករំលែកការអប់រំហិរញ្ញវត្ថុដល់សហគមន៍។ សម្រាប់ឆ្នាំ២០២៣នេះ ហ្វូណនបានបោះពុម្ភសៀវភៅអប់រំហិរញ្ញវត្ថុជាង១០,០០០ ក្បាលបន្ថែម ដែលមានចំណងជើងថា “ចំណេះដឹងមូលដ្ឋាននៃការគ្រប់គ្រងសាច់ប្រាក់គ្រួសារ” មាតិកាសំខាន់ៗនៃសៀវភៅនេះរួមមាន ១) ការកំណត់នូវអ្វីដែលជា តម្រូវការចាំបាច់ និង ការចង់បាន? ២) ការកំណត់គោលដៅហិរញ្ញវត្ថុគ្រួសារ ៣)ការគ្រប់គ្រងលំហូរសាច់ប្រាក់ចេញ/ចូល  ៤) ការយល់ដឹងអំពីប្រាក់កម្ចី ៥) តារាងកំណត់ត្រាចំណូលចំណាយប្រចាំថ្ងៃ។ គ្រឹះស្ថានបានដាក់ចេញនូវគោលដៅអនុវត្តចំនួន៤៨សាខា ៤៨សាលារៀន និងចំនួនសិស្សានុសិស្សដែលទទួលបានការអប់រំចំណេះដឹងហិរញ្ញវត្ថុនេះមានរហូតដល់១០,០០០នាក់។